ភ្នំពេញ: តារាចម្រៀងស្រីវ័យក្មេង កញ្ញា រតនៈ ពិសី បាននិយាយកាលពីពេលថ្មីៗនេះថា នាងត្រៀមធ្វើសន្និសីទកាសែត តែមិនទាន់ដឹងពីពេលវេលាច្បាស់លាស់ ដើម្បីបង្ហាញឲ្យទស្សនិកជន
បានដឹងថា នេះមិនមែនជារឿងពិតនោះទេ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកចុះផ្សាយជាហូរហែរថា នាងត្រូវបានជនមិនស្គាល់មុខ យករូបថតរបស់នាងទៅបង្ហោះលក់ខ្លួន នៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុង Account មួយដែលមានឈ្មោះ Sell Body ហើយនាងគ្រោងនឹងប្តឹង ជនដែលប្រព្រឹត្តិនោះថែមទៀតផង។
ព័ត៌មានដ៏ក្តៅគគុកមួយនេះ បានធ្វើឲ្យបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក 
ព្រមទាំងមានការចុះផ្សាយ នាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលគេបានឃើញរូបថត តារាស្រីៗវ័យក្មេង ដែលមានសម្រស់ស្រស់ស្អាតពីរបីរូប និងសិស្សសាលាស្រីក្មេងៗមួយចំនួនទៀត ត្រូវបានគេយកទៅប្រកាសលក់ខ្លួននៅលើហេ្វសប៊ុក និងមានសរសេរពាក្យពេចន៍អាសអាភាសនៅលើរូបថតទៀតផង។ ទន្ទឹមនឹងការបែកធ្លាយនូវរឿងរ៉ាវដ៏ក្តៅគគុកនេះ កញ្ញា រតនៈ ពិសី បានបង្ហាញពីអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងចំពោះជនអគតិ ដែលបានយករូបភាពរបស់នាង និងតារាដទៃទៀត ទៅប្រកាសលក់ខ្លួន និងសរសេរពាក្យពេចន៍ មិនសមរម្យ នាំឲ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះជាស្ត្រី។ ក្រោយមក នាងចង់រៀបចំសន្និសីទកាសែត ដើម្បីឲ្យទស្សនិកជន បានដឹងថា នេះមិនមែនជារឿងពិតនោះទេ។ ដោយសារមានគេលួចយករូបថតរបស់ខ្លួន មកធ្វើមិនគប្បីយ៉ាងដូច្នេះទៅវិញ។ ដោយសារតែទ្រាំនឹងទង្វើរបស់ជនទាំងនោះលែងបាន កញ្ញា រតនៈ ពិសី បានបញ្ជាក់ថា “ខ្ញុំនឹងសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវវែករកមុខអ្នកដែលធ្វើអំពើមិនសមរម្យ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំបែបនេះ ព្រោះថា ទង្វើរបស់ពួកគេ បានធ្វើឲ្យប៉ះ ពាល់កិត្តិយសរបស់ខ្ញុំខ្លាំងណាស់ ក្នុងនាមខ្ញុំជាតារាមួយរូប កំពុងតែទទួលបានការគាំទ្រពី ពុក ម៉ែ បងប្អូន”។ គួររំលឹកថា មិនត្រឹមតែ កញ្ញា រតនៈ ពិសី ទេ ដែលកំពុងតែក្ដៅចុងច្រមុះ ខឹងសម្បារនឹងទង្វើទាំងនេះ សូម្បីតែ កញ្ញា ទេព បូព្រឹក្ស ដែលជាតារាប្រចាំផលិតកម្ម រស្មីហង្សមាស ក៏បានបញ្ចេញប្រតិកម្មទៅលើការយករូបថតនាង ដោយគ្មានការអនុញ្ញាតទៅបង្ហោះ ប្រកាសលក់ខ្លួនក្នុង Account Facebook ខាងលើនេះដែរ។ ប៉ុន្តែនាងខឹង មិនដល់ថ្នាក់គំរាមប្តឹង ដូចជា កញ្ញា រតនៈ ពិសី នោះទេ។ តារាចម្រៀងវ័យក្មេង រតនៈ ពិសី មួយរយៈចុងក្រោយនេះ ច្រៀងប្រចាំនៅក្នុង ក្លឹបអេហ្ស៊ីប។ នាងក៏មានរឿងអាស្រូវជាបន្តបន្ទាប់ពីរឿងរ៉ាវស្នេហា ដោយនៅក្នុងទំនាក់ទំនងស្នេហារបស់នាងទាំងនោះ គឺភាគច្រើនជាអ្នកនៅខាងក្រៅប្រទេស ដែលជាកូនអ្នកមានទ្រព្យសម្បត្តិហូរហៀរទៀតផង៕
No comments:
Post a Comment