ភ្នំពេញ: ដើម្បីអបអរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយក្រុម បានទទួលការអញ្ជើញពី គណៈកម្មាធិការជាតិអូឡាំពិក (NOCC) ឲ្យចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ ក្រោមប្រធានបទ" សុខភាព និងគ្រួសារ រត់ដើម្បីមនុស្សធម៌ រត់ដើម្បីបរិស្ថានស្អាត និងពណ៌បៃតង " និងដើម្បីអបអរសាទរខួបទី១១៩ ទិវាអូឡាំពិក។
លោក អ៊ិន ទីតូ អ្នកដឹកនាំសម្តែង បានឲ្យស៊ីអ៊ីអិនដឹងថា “ តារាចម្រៀងដែលចូលរួមរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុននោះរួមមាន កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា ទេព បូព្រឹក្យ, កញ្ញា ឈិត សុវណ្ណបញ្ញា, កញ្ញា សុខ សីឡាលីន, លោក ឆន សុវណ្ណរាជ, លោក ហ្សូណូ, លោក ណុប បាយ៉ារិទ្ធ, តារាកំប្លែង រ៉ូលីន និងពិធីករស្រស់សង្ហារ អេឡិច ចាន់ត្រា ”។
លោកវ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា “ដោយសារនេះ ជាកម្មវិធីរបស់សង្គម ក្នុងគោលបំណងស្វែងរកជំនួយដើម្បីមនុស្សធម៌ ដូច្នេះការអញ្ជើញពួកគាត់មក គឺជាឱកាសមួយសប្បាយចិត្ត រវាងតារាក្នុងស្រុក និងតារាក្រៅប្រទេស ដែលជាឱកាសមួយឲ្យពួកគេស្គាល់គ្នា ព្រោះក្នុងនោះមានតារាកំប្លែងដ៏ល្បីនៅប្រទេសជប៉ុនគឺ នីកូ និង កីឡាកាសស្រី ដែលមានរហ័សនាមថា អាចារ្យខុង”។
ដោយសារតែគោលបំណងរបស់មនុស្សជាតិ ជាបេសកកម្មរបស់តារានៅលើពិភពលោក ក៏ដូចជា
តារាក្នុងស្រុក គេតែងតែភ្ជាប់ខ្លួនគេទៅនឹងការភ្ជាប់ខ្លួនទៅនឹងសង្គម និងការទទួលខុសត្រូវនៅក្នុងសង្គមរបស់គេ ដើម្បីឲ្យគេមានតម្លៃស្អាតផូរផង់ មានតម្លៃថ្លៃថ្នូរ ទៅតាមភាពល្បីល្បាញរបស់ពួកគេ។
លោកវ៉ាត់ ចំរើន បានបន្តថា “អ្វីដែលពួកគាត់(តារាចម្រៀង)ទទួលបាននៅពេលបញ្ចប់ការរត់ប្រណាំងនោះ គឺការលើកទឹកចិត្ត និងមានចេញជាលិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺពួកគាត់នឹងទទួលបានការសរសើរក្នុងចំណោមមនុស្សរាប់ពាន់នាក់”៕


No comments:
Post a Comment