មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុឬ ជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យបានរាជាភិសេកជាមួយព្រះនាង មាយា ជាអគ្គមហេសីហើយក្រោយមកក៏បានប្រសូត្រព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមថា សិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់១៦ព្រះវស្សាព្រះ រាជជនកជននីក៏បានរៀបចំព្រះរាជពិធីអភិសេកអាវាហមង្គលជាមួយ ព្រះនាងយសោធរា (ពិម្ពា)ឲជាព្រះរាជជាយា។ តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបាន ចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គ និងអាមាត្យ ឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រ សាមញ្ញធម្មតា។
|
អានិសង្សយានជំនិះ
(ខទិរវនិយរេវតត្ថេរាបទាន) មានស្ទឹងមួយ ឈ្មោះភាគីរសី ហូរចេញអំពីព្រៃហិមពាន្ត កាលនោះ ខ្ញុំកើតជានាយទូកក្នុងកំពង់មិនល្អ ជាកំពង់សម្រាប់ឆ្លងមកកាន់ត្រើយអាយ ។ ព្រះសម្ពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ បម្រុងនឹងឆ្លងខ្សែរទឹកក្នុងស្ទឹង ជាមួយនឹងព្រះភិក្ខុសង្ឃមួយសែនអង្គ ។ ខ្ញុំបានប្រមូលទូកជាច្រើនមក ហើយធ្វើដំបូលទូក ដែលពួកជាងឈើតាក់តែងល្អហើយ ទៅទទួលព្រះនរាសភៈ ។ ព្រះសម្ពុទ្ធទ្រង់ស្តេចមកឡើងគង់លើទូក ព្រះសាស្តា ទ្រង់ឋិតត្រង់កណ្តាលទីស្ទឹង ហើយត្រាស់គាថាទាំងនេះថា ៖ បុគ្គលណា បានចម្លងព្រះសម្ពុទ្ធ ព្រមទាំងភិក្ខុសង្ឃ ជាអ្នកមិនមានអាសវៈ បុគ្គលនោះនឹងត្រេកអរក្នុងទេវលោក ដោយចិត្តជ្រះថ្លានោះឯង ។ វិមានមានសណ្ឋានដូចជាទូក ដែលបុញ្ញកម្មធ្វើល្អហើយ នឹងកើតដល់អ្នក វិមាននោះនឹងទ្រទ្រង់នូវដំបូល ជាវិការៈនៃផ្កាឰដ៏អាកាសសព្វៗកាល ។ ក្នុងកប្បទី ៥៨ បុគ្គលនោះនឹងបានជាស្តេចចក្រពត្តិព្រះនាម តារណៈ ជាឥស្សរៈ លើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ឈ្នះសង្រ្គាម ។ ក្នុងកប្បទី ៥៧ និងបានជាស្តេច ព្រះចម្ពកៈ មានកម្លាំងច្រើន រុងរឿងដូចព្រះអាទិត្យកំពុងរះ ។ ក្នុងកប្បទី មួយសែន ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល និងត្រាស់ដឹងក្នុងលោក ។ ស្តេចចម្ពកៈនោះ ច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងកើតក្នុងត្រកូលពា្រហ្មណ៍ឈ្មោះ រេវតៈ ។ រេវតកុមារនោះ ត្រូវកុសលធម៌មូលដាស់តឿន នឹងចេញចាកផ្ទះទៅបួសក្នុងសាសនា នៃព្រះមានព្រះភាគ ព្រះនាមគោត្តម ។ រេវតភិក្ខុនោះ លុះបួសរួចហើយ ក្នុងកាលជាខាងក្រោយ ប្រកបសេចក្តីព្យាយាម ខំចម្រើនវិបស្សនា កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ សេចក្តីព្យាយាមរបស់ខ្ញុំគួរដើម្បីនាំមកនូវធុរៈជាទីនាំមកនូវ ធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំទ្រទ្រង់រាងកាយ ក្នុងទីបំផុត គឺបច្ឆឹមជាតិ ក្នុងសាសនានៃព្រះសម្ពុទ្ធ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ |

No comments:
New comments are not allowed.