ធានីភ្នំពេញ ៖ យុវជនមួយក្រុម មានគ្នា ៥ទៅ ៦នាក់ បាននាំគ្នាទៅផឹកស៊ី នៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២០០២ អស់ស្រាជាង ១០ថូ ស្រវឹងរៀងៗខ្លួន បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ដើរចេញមកដល់មុខហាង ស្រាប់តែយុវជនម្នាក់ អះអាងថា មានជំងឺបេះដូងបានគាំងបេះដូង ដួលសន្លប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៣ មិថុនា នៅតាមផ្លូវលេខ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា ៥ទៅ ៦នាក់ បាននាំគ្នាទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង នៅតាមផ្លូវលេខ២០០២ អស់ស្រាជាង១០ថូ ស្រវឹងរៀងខ្លួនហើយ បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ខណៈពេលដើរចេញទៅដល់មុខហាង ស្រាប់តែយុវជម្នាក់ឈ្មោះ ចាន់ គែនពិទូ ភេទប្រុស អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យចេនឡា ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុក កំណើតនៅភូមិអន្លង់ត្នោត ឃុំឃ្លាំងមឿង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានជំងឺបេះដូង បានគាំងបេះដូងដួលសន្លប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលថា បុរសនោះ ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ មិត្តភក្តិបានដឹកជនរងគ្រោះយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យព្យួរសេរ៉ូម បានធូរស្រាលឡើងវិញ ៕
No comments:
Post a Comment