មេចុងភៅលោក សុង ឡាក់ មន្ត្រីសមាគមចុងភៅតៃវ៉ាន់ លោក ឡុង បូរ៉ា លោក សុខ វិចិត្រ និងលោក ស៊ិន ប៊ុនថុង។ រូបថត សហការី
កម្មវិធីប្រកួតធ្វើម្ហូបនេះបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៣នៅក្រុងបាងកកប្រទេសថៃ។
ចំណែកប្រទេសថៃវិញបានទទួលតំណែងជាជើងឯកពីការប្រកួតឬគេហៅថា Thailand Ultimate Chef Challenge។ នេះបើយោងតាមលោកឡុង បូរ៉ាជាប្រធានចុងភៅសណ្ឋាគារRees Hotelនៅសៀមរាប ដែលបានចូលរួមការប្រកួតនេះ។ នេះជាលើកទីមួយហើយដែលក្រុមចុងភៅខ្មែរបានទទួលជ័យជម្នះមេដាយមាស សម្រាប់ការប្រកួតម្ហូបអាហារបង្ហាញដល់ពិភពលោក។
ក្នុងសម្លៀកបំពាក់សក្បុស និងមួកចុងភៅ ឡុងបូរ៉ានិយាយថា៖«ខ្ញុំមានក្តីរំភើបចិត្តណាស់ពេលចៅក្រម កាត់ក្តីបានប្រកាសថាប្រទេសកម្ពុជាជាអ្នកឈ្នះមេដាយមាសសម្រាប់ការ ប្រកួតនោះ។ និយាយដោយស្មោះត្រង់ទៅខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលចុងភៅ ខ្មែរបានទទួលជោគជ័យនេះ»។
លោកបានរៀបរាប់ពីអារម្មណ៍ក្រុមខ្លួននាពេលត្រឡប់មកពីការប្រកួត ថាក្រុមរបស់លោកមានការភ័យដែរនៅពេលប្រកួតខណៈអ្នករៀបចំការ ប្រកួតមានការផ្លាស់ប្តូរវិញ្ញាសាផ្នែកគ្រឿងផ្សំ។
លោកបន្តថា៖«កម្មវិធីប្រកួតធ្វើម្ហូបឆ្នាំ២០១៣នេះបានផ្តោត សំខាន់ទៅលើការកែច្នៃម្ហូបដោយប្រើសាច់សត្វរស់នៅក្នុងទន្លេមេគង្គ ដូចជា សត្វត្រីជាដើម»។
ទោះជាចំណាយពេលពីរថ្ងៃក្នុងសិក្សាពីវិធីច្នៃមុខម្ហូបតាម វិញ្ញាសាខាងលើនេះ រួចក្ដី ក៏លោករំឭកដែរថា៖«យើងមានអារម្មណ៍ភ័យណាស់ តែយើងមានជំនឿចិត្តថា សាច់សត្វដែលយើងយកមកចម្អិននឹងហុចផលល្អហើយក្រុមយើងក៏មាន ស្នាដៃគួរឲ្យជឿជាក់ដែរ»។
ការប្រកួតធ្វើម្ហូបនេះវាត្រូវពឹងទៅលើគំនិតកែច្នៃនិងជំនាញ របស់ចុងភៅនីមួយៗខណៈមុខម្ហូបពួកគេស្ថិតក្រោមការកាត់ក្តីពីចៅក្រម ចំនួន២០នាក់ ដោយ១០នាក់ក្នុងចំណោមពួកគេមកពីសមាគមចុងភៅពិភពលោក។ ចំពោះការផ្តល់ពិន្ទុវិញក្រុមចៅក្រមទាំងអស់ផ្តោតទៅលើចំណុចសំខាន់ បួនយ៉ាងដូចជាគ្រឿងផ្សំ អនាម័យ សោភណភាព ការច្នៃប្រឌិត និងរសជាតិ។
លោកឡុងបូរ៉ានិយាយទៀតថា៖ «យើងទទួលបានពិន្ទុ៥០ពេញពីពួកគេតាមរយៈចំណុចសំខាន់នៃរសជាតិ»។
ដោយឡែកលោកឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបថ្មីនោះក៏មានក្តី សោមនស្សចំពោះដំណឹងថាក្រុមចុងភៅនៅខេត្តរបស់លោកទទួលបានជ័យជម្នះ លើការប្រកួតធ្វើមុខម្ហូបនោះដែរ។
លោកអភិបាលខេត្តបន្ថែមថា៖«នេះគឺជាមោទនភាព និងជាមុខមាត់ប្រទេសជាតិ។ វាមានសារៈសំខាន់ណាស់ដោយយើងអាចបង្ហាញប្រាប់ពិភពលោកឲ្យដឹងថា កម្ពុជាក៏មានអ្នកមានទេពកោសល្យច្នៃមុខម្ហូបដើម្បីស្វាគមន៍ទេសចរ ដែរ»។
ទោះជាយ៉ាងណាក្រុមចុងភៅកម្ពុជាមិនបានឈ្នះតំណែងជើងឯកប្រចាំ ការប្រកួតឡើយដោយម្ចាស់ផ្ទះគឺជាអ្នកទទួលបានជ័យជម្នះព្រោះមានបី ពិន្ទុនាំមុខកម្ពុជា។
លោកឡុងបូរ៉ាបន្តថា៖«យើងបានទទួលមេដាយមាសចំណែកប្រទេសថៃទទួល បានពានរង្វាន់ជើងឯកពីការប្រកួត។ តែកម្ពុជាយើងមានតែមួយក្រុមប៉ុណ្ណោះសម្រាប់ចូលរួម ខណៈប្រទេសថៃមានបួនឬប្រាំក្រុមឯណោះ។ ឥឡូវនេះយើងកំពុងតែមានឱកាសផ្សព្វផ្សាយម្ហូបអាហារខ្មែរឲ្យពិភពលោក បានស្គាល់ហើយ។ យើងមានឱកាសសម្រាប់ការប្រកួតលើកក្រោយទៀតនៅខែសីហាខាងមុខនៅឯ ទីក្រុងប៉ាតាយ៉ា»។
គួរបញ្ជាក់ថាសមាគមចុងភៅខ្មែរមានចុងភៅជំនាញចំនួន៧នាក់ដោយពួក គេសុទ្ធតែបម្រើការងារនៅឯសណ្ឋាគារក្នុងខេត្តសៀមរាប។ បណ្តាសណ្ឋាគារទាំងនោះរួមមានសណ្ឋាគារGrand Soluxe Angkor Palace Resortសណ្ឋាគារRee Hotelសណ្ឋាគារ វិចតូរៀអង្គរ និងសណ្ឋាគារបុរីអង្គរ៕ PR

No comments:
Post a Comment