ចា រិទ្ធី មិនចេះញ៉ែស្រី
ការបង្ហាញសណ្ឋាគារថ្មី ខ្ទង់លានដុល្លារ របស់លោកចា រិទ្ធី នាំឱ្យមានការលើកឡើងថា ដោយសារតែមានទ្រព្យច្រើនបែបនេះហើយ ទើបកន្លងមកលេចឮថា លោកចា រិទ្ធី មាន ស្រីតោងច្រើន ។ លោកចា រិទ្ធី បានអះអាងថា លោកមិនចេះញ៉ែស្រីទេ តែបើមានគេស្រលាញ់លោក មិនដឹងធ្វើម៉េចទេ ហើយជាទម្លាប់របស់លោក ចូលចិត្តជួយអ្នកក្រលំបាកណាស់...។
ជាមួយរូបរាងនៅតែឡូយសង្ហា ជិះឡានសុទ្ធតែតម្លៃជាង១០ម៉ឺនដុល្លារ និងមានសណ្ឋាគារ២ កន្លែងទៀត លោកចា រិទ្ធី តារាភាពយន្តជើងចាស់ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ ដោយខ្លះលើកឡើងថា លោកមានស្រីក្មេងជាច្រើននៅក្បែរខ្លួន ហើយដោយសារតែសល់លុយច្រើន មិនដឹងជាយកទៅធ្វើអី ទើបលោកតែងជួយផ្តល់ដល់ស្រីក្មេងមួយចំនួនទៀតផង...។
ក្នុងជំនួបជាមួយលោកចា រិទ្ធី នៅសណ្ឋាគារថ្មី ឯសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លោកចា រិទ្ធី បាននិយាយបែបដាក់ខ្លួនថា “មួយជីវិតនេះ ខ្ញុំអត់ចេះញ៉ែស្រីទេ តែបើមានគេស្រលាញ់ មិនដឹងធ្វើម៉េច ដែលពេលខ្លះ ចេះតែជួយទៅ។ និយាយទៅ រឿងញ៉ែស្រី គឺអត់សោះតែម្តង ខ្ញុំសួរថា បើញ៉ែគេទៅ គេអត់ស្រលាញ់ យើងខ្មាសគេឬអត់? ប្រាកដជាខ្មាស អ៊ច៊ីងឹខ្ញុំអត់ហ៊ានទេ ព្រោះស្រលាញ់កិត្តិយសខ្ញុំណាស់។ អ្នកខ្លះ មើលពីខាងក្រៅទៅថា ខ្ញុំស្រីច្រើនណាស់ ខូចណាស់មួយហ្នឹង! ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំជា មនុស្សប្រុសម្នាក់ អ្នកក៏មានបងប្អូនប្រុសដែរ អ៊ីចឹងតើគេចេះស្រលាញ់ស្រីយ៉ាងម៉េច ខ្ញុំក៏អ៊ីចឹងដែរ ព្រោះខ្ញុំមិនមែនខ្ទើយទេ”។
លោកចា រិទ្ធី បានបន្តថា “ខ្ញុំចូលចិត្តអាណិតគេ ហើយធ្វើម៉េច អ្នកខ្លះគ្នាត្រូវការលុយបង់សាលារៀនអី ឱ្យខ្ញុំជួយក៏មាន។ និយាយទៅ មួយជីវិតខ្ញុំ គឺអាណិតអ្នកក្រណាស់ បើឃើញគេជួបទុក្ខលំបាក ត្រូវតែជួយសិនហើយ”។
កន្លងមក ក្រៅពីលេចឮរឿងចចាមអារ៉ាមស្នេហាជាមួយអ្នកនាងខាត់ សុឃីម ក៏ល្បីថា លោកចា រិទ្ធី មានស្រីក្មេងតោងជាច្រើន ដោយសារតែឃើញលោកមានទ្រព្យច្រើន និងដៃទូលាយជាមួយស្រីស្អាតៗ ទើបកន្លងមក ធ្លាប់ល្បីថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាស្រីវ័យក្មេងជាបន្តបន្ទាប់ តែត្រូវតារាស្រីទាំងនោះ និងលោកចា រិទ្ធី ច្រានចោល ដោយអះអាងថា ជាទំនាក់ទំនងការងារច្រើនជាង។
លោកចា រិទ្ធី បាននិយាយថា “អូ! ខ្ញុំធ្លាប់ជួយក្មេងៗ ទិញទឹកដោះគោឱ្យបៅមែន តែអ្នកខ្លះគេមានគ្រួសារ ក៏ចេញពីយើងអ៊ីចឹងទៅ ហើយខ្ញុំអត់មានទាមទារអីមកវិញទេ។ និយាយទៅ អ្នកខ្លះបានជួបខ្ញុំថាសំណាងក៏មាន ព្រោះខ្ញុំចូលចិត្តតែជួយគេ ជាទម្លាប់ទៅហើយ”។
ក្រៅពីធ្លាប់ល្បីរឿងពាក់ព័ន្ធស្រីក្មេងនៅក្រៅឆាក នៅក្នុងឆាកសិល្បៈ ពិសេស ក្នុងខ្សែភាពយន្ត គេចាប់អារម្មណ៍ថា លោកចា រិទ្ធ តែងសម្តែងជាតួអង្គថៅកែ មានស្រីស្នេហ៍សុទ្ធតែក្មេងស្អាតៗ ទើបអ្នកខ្លះហៅលោកថា “ព្រាននារី”។ លោកចា រិទ្ធី បានទទួលស្គាល់ថា ពិតជាអ្នកដឹកនាំ តម្រូវឱ្យលេងតែឈុតឆាក បែបហ្នឹងមែន។
លោកចា រិទ្ធី បន្ថែមថា “ប្រហែលជាយើងសម្តែងទៅសមហើយ បានជាគេឱ្យដើរតែតួបែបហ្នឹងនោះ ហើយខ្ញុំនៅតែពេញចិត្តសិល្បៈ ទោះបីជាពេលនេះ ខ្ញុំមានអ្វីគ្រប់យ៉ាងក៏ដោយ” ៕

No comments:
Post a Comment