Popular Posts

Monday, June 17, 2013

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ដាន​ទីក្រុង​បុរាណ​នៅ​បី​ទីតាំង

 
 
 សកម្មភាព​ស្រាវជ្រាវ​ដាន​ទី​ក្រុង​បុរាណ​ដោយ​ ប្រើប្រាស់​នូវ​ឧបករណ៍​ស្កេន​ឡាសែ៊រចង​ភ្ជាប់​នឹង​ឧទ្ធម្ភាគចក្រ​។ រូបថត Francisco Goncalves
សៀមរាបៈ មាន​មនុស្ស​ជាង ១ លាន​នាក់​បាន​មក​ទស្សនា​ប្រាសាទ​ដ៏​ល្បី​ល្បាញ នៅ​ខេត្ត​សៀមរាប​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ការ​ស្ទង់​ដោយ​ប្រើ​កាំរស្មី​ឡាស៊ែរ បាន​រក​ឃើញ​ដាន​នៃ​បណ្តាញ​ទីក្រុង​ដ៏​ធំ​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទ​កោះ​កេរ និង​រក​ឃើញ​ទីក្រុង​បុរាណ​មួយ​នៅ​ក្បែរ​ភ្នំ​គូលែន​ដែល​គេ​ពុំ​ដែល​បាន​ដឹង​ ពី​មុន​មក។
ដោយ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​ស្កេន​ឡាស៊ែរ ចង​ភ្ជាប់​នឹង​ឧទ្ធម្ភាគចក្រ អ្នក​ស្រាវជ្រាវ អាច​រក​ឃើញ​ក្នុង​ដី​ព្រៃ​ដ៏​ក្រាស់​ដែល​បិទ​បាំង​ទីក្រុង​នោះ។ លទ្ធផល​នៃ​ការ​ស្ទង់​ខែ​មេសា ឆ្នាំ ២០១២​និង​ការ​ចុះ​ទៅ​ពិនិត្យ​បន្ត​បន្ទាប់​មក​ដែល​នឹង​ផ្សព្វ​ផ្សាយ​នា​ សប្តាហ៍ នេះ​ក្នុង Proceedings of the National Academy of Sciences of the USA អាច​នឹង​ផ្លាស់​ប្តូរ​ប្រវតិ្ត​សាស្រ្ត​ដែល​យើង​ដឹង​។ លោក Damian Evans នៃ​
សាកល​វិទ្យាល័យ​ទីក្រុង​ស៊ីដនី ដែល​ដឹក​នាំ​ភាព​ជា​ដៃ​គូ​នៃ​អង្គការ​ចំនួន ៨ រាប់​ទាំង​អាជ្ញាធរ​អប្សរា របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ការ​ស្រាវជ្រាវ​នេះ​បាន​ថ្លែង​ថា៖ «​យើង​ភ្ញាក់​ផ្អើល​ខ្លាំង​»។ ឯកសារ​នេះ​បាន​កត់​សម្គាល់​ថា៖ «វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ចំណុច​កណ្តាល​ទីក្រុង​អង្គរ​លាត​សន្ទឹង​លើ​ផ្ទៃ​ដី​យ៉ាង​ហោច​ណាស់ ៣៥ គីឡូ​ម៉ែត្រ​ការ៉េ​មិន​មែន​៩គីឡូម៉ែត្រ​ការ៉េ ដែល​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ក្នុង​រង្វង់​ជញ្ជាំង​ប្រាសាទ​អង្គរធំ​ឡើយ»។
ការ​ស្រាវជ្រាវ ដែល​ជា​ប្រភេទ​ទី១ នៅ​អាស៊ី បាន​បង្ហាញ​ថា ដំបូក និង​ទំនាប​ដែល​ហាក់​ដូច​ជា​ពុំ​សូវ​មាន​បែប​ផែន​ពី​ដី​នោះ តាម​ពិត​គឺជា​ដាន​ស្នាម​នៃ​ផ្លូវ ទំនប់ និង​ព្រែក នៃ​ទីក្រុង​ដែល​មាន​រចនា​សម្ព័ន្ធ​ខ្ពស់​។ យោង​តាម​ឯកសារ​បាន​ឲ្យ​ដឹង​ទៀត​ថា ទិន្នន័យ​បាន​បង្ហាញ​ថា​៖«​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ដី និង​ទំហំ​នៃ​កន្លែង​ទី​ប្រជុំជន និង​ធ្វើ​កសិកម្ម ទាំង​ពីរ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ខុស​យ៉ាង​ខ្លាំង ក្នុង​តំបន់​អង្គរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ» ។ ការ​រក​ឃើញ​ទាំង​នេះ​បង្ហាញ​ថា នៅ​ក្នុង​សតវត្សរ៍​ទី១២ តំបន់​នេះ​មាន«ប្រជាជន​ច្រើន​ណាស់​» ដែល​ទំនុក​បម្រុង ដោយ​ការ​នាំ​ផលិត​ផល​កសិកម្ម​ពី​ទី​ជនបទ។
អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​ផលិត​ផល​កសិកម្ម​នៅ​សល់ និង​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​ដ៏​ធំ​បាន​បង្ហាញ​អំពី​របៀប​ដែល​ទឹក​ជំនន់​ ធ្វើ​ឲ្យ​បាត់​បង់​អរិយធម៌​នេះ​នៅ​ទី​បំផុត។ ដោយ​ចង្អុល​បង្ហាញ​ដំបូក​នៅ​ក្រៅ​ជញ្ជាំង​ប្រាសាទ​បេង​មាលា ក្នុង​ដំណើរ​ចុះ​ទៅ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​ភ្នំពេញ ប៉ុស្តិ៍ លោក Evans បាន​ពន្យល់​ថា «​ទី​នេះ​ធ្លាប់​ជា​គ្រឹះ​នៃ​រចនា​សម្ព័ន្ធ​ធ្វើ​ពី​ឈើ​មួយ​»។
រចនា​សម្ព័ន្ធ​ទាំង​នោះ​បាន​បាត់បង់​ទៅ​ក្នុង​ព្រៃ នៅ​សល់​តែ​ដំបូក​តូចៗ​ប៉ុណ្ណោះ​ដែល​ងាយ​ស្រួល​មើល​រំលង​ក្នុង​ចំណោម​ដើម​ឈើ និង​ព្រៃ​គម្ពោត​ហើយ​បាត់​ស្រមោល​ដោយ​សារ​តែ​ប្រាសាទ​បាន​ដុះ​ស្លែ​ពេញ។ ដំបូក​នីមួយៗ​មាន​អង្កត់​ផ្ចិត​ចំនួន​ពីរ​ឬ​បី​ម៉ែត្រ ហើយ​មើល​ទៅ​ដូច​ជា​ដុំ​ដី​ធម្មតា​ប៉ុណ្ណោះ ចំពោះ​អ្នក​គ្មាន​ការ​ហ្វឹក​ហាត់​។ ទោះ​ជា​យ៉ាង​ណា អ្នក​បុរាណវិទូ បាន​ដឹង​ជា​យូរ​មក​ហើយ​ថា ដំបូក​ទាំង​នេះ មាន​អត្ថន័យ​ច្រើន​ថែម​ទៀត។
បុរាណវិទ្យា​ប្រភេទ​ផ្សេងៗ​គ្នា

លោក Evans បាន​បញ្ជាក់​ថា សៀមរាប ជា​ដី​ទំនាប​ធម្មជាតិ ដូច្នេះ សូម្បី​តែ​ស្នាម​តូចៗ​បែប​នេះ គឺជា​ភ័ស្តុតាង​នៃ​ការ​តាំង​នៅ​របស់​មនុស្ស​។ ប៉ុន្តែ ដោយ​គ្មាន​វិធី​មើល​ធ្លុះ​គម្រប​ដើម​ឈើ អ្នក​ស្រាវជ្រាវ​ពី​មុន​អាច​សិក្សា​រៀន​សូត្រ​អំពី​រូប​រាង និង​ទំហំ​នៃ​ការ​តាំង​លំនៅ​នេះ ដោយ​ដើរ​ចូល​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ។ ការ​ជ្រើស​រើស​របស់​ក្រុម​អ្នក​ស្រាវជ្រាវ ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា ចាប់​យក​រូបភាព​និង​ចម្ងាយ​គឺជា​ជម្រើស​កាន់​តែ​មាន​ប្រសិទ្ធភាព បើ​ទោះ​បី​ជា​វា​ក៏​ចំណាយ​ច្រើន​ក៏​ដោយ។
លោក Jean-Baptiste Chevance អ្នក​គ្រប់​គ្រង​កម្មវិធី នៃ​មូលនិធិ​បុរាណវិទ្យា​និង​អភិវឌ្ឍន៍ ជា​អង្គការ​មួយ​ទៀត ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​បាន​បង្ហាញ​ថា កុំព្យូទ័រ​បញ្ចាំង​លទ្ធផល​ពី​ព្រៃឈើ​ក្នុង​ទំហំ​ពីរ ឬ​បី​សង់ទីម៉ែត្រ គឺជា​រូបភាព​ព្រែក និង​ផ្លូវ​បុរាណ»។ លោក Evans បាន​ថ្លែង​ថា៖​«​យើង​ចុច​ប៊ូតង់ ហើយ វា​ចេញ​មក»។
បណ្តាញ​ទីក្រុង​ដ៏​ក្រាស់
យោង​តាម Michael Coe បាន​ឲ្យ​ដឹង​ថា លទ្ធភាព​គឺ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។
លោក Ceo ដែល​កាល​ពី ៦០ ឆ្នាំ​មុន បាន​ស្នើ​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ថត​រូប ដោយ​កាំរស្មី​ឡាស៊ែរ​នោះ បាន​ថ្លែង​ថា៖ «​នេះ​ជា​ការ​ជឿន​លឿន​បំផុត​ក្នុង​ចំណេះ​ដឹង របស់​យើង​អំពី​ប្រាសាទ​អង្គរ​ដែល​ជា​ទីក្រុង​ដ៏​រស់​រវើក​ក្នុង​សតវត្សរ៍​ មុន»។ លោក Coe បាន​ថ្លែង​ថា ពី​មុន អ្នក​សិក្សា​ភាគ​ច្រើន​ជឿ​ជាក់​ថា អង្គរ​ជា​ទីក្រុង​ក្នុង​បណ្តាញ​ទីក្រុង​ដ៏​ខ្វាត់​ខ្វែង​ដោយ​ប្រជាជន​រស់​នៅ ​រាយ​ប៉ាយ​ជុំវិញ​មជ្ឈមណ្ឌល ដូចជា ព្រែក ផ្លូវ និង​ស្រះ​របស់​គ្រួសារ​នីមួយៗ។ «​អ្វី​ដែល​រូបភាព​ពី​បច្ចេកវិទ្យា​នេះ​បង្ហាញ គឺជា​អ្វី​ដែល​យើង​មិន​រំពឹង​ទុក​ពោល​គឺ​វា​ជា​ទីក្រុង​ដែល​មាន​មនុស្ស​រស់​ នៅ​ច្រើន​»។
លោក Evans បាន​ថ្លែង​ថា ជុំវិញអង្គរ​រូបភាព​បង្ហាញ​កន្លែង​ដែល​បាន​រៀប​ចំ​ជា​ប្លុក​ទីក្រុង ដែល​មាន​ទំហំ​ជា​កំណត់​។ ប្លុក​ទីក្រុង​នីមួយៗ​មាន​ដំបូក​ខ្ពស់​ចំនួន ៤ និង​ស្រះ​ហើយ​មាន​រចនា​សម្ព័ន្ធ ធ្វើ​ពី​ឈើ​លើ​ដំបូក​នីមួយៗ​នៃ​ដំបូក​ទាំង​នោះ។ លោក​បាន​បន្ត​ថា​៖ «​វា​ជា​កន្លែង​មាន​មនុស្ស​ពេញ និង​រស់​រវើក ពោល​គឺ​ជា​កន្លែង​មមាញឹក»។
លោក David Chandler អ្នក​ប្រវតិ្តវិទូ បាន​ហៅ​ការ​រក​ឃើញ​នេះ​ថា ជា​ការ​វិវត្ត​ដ៏​រន្ធត់​។ លោក​បាន​ថ្លែង​ថា៖​«​បច្ចេកវិទ្យា​នេះ បាន​បង្ហាញ​ផ្លូវ​និង​ព្រែក​ដែល​ទាមទារ​ការ​រៀប​ចំ​ផែនការ​ពី​ថ្នាក់​កណ្តាល និង​ការ​សម្រប​សម្រួល​យ៉ាង​ជាក់​ច្បាស់​»។
ម្យ៉ាង​ទៀត លោក Evans បាន​បន្ថែម​ថា បច្ចេកវិទ្យា​នេះ​បាន​បង្ហាញ​ថា បណ្តាញ​ផ្លូវ និង​ការ​តាំង​លំនៅ​បាន​បន្ត​រហូត​ដល់​ក្រៅ​និង​ជញ្ជាំង​ប្រាសាទ​ដែល​គេ​គិត​ ពី​មុន​ថា​ជា​ការ​តំាង​លំនៅ​នៅ​ផ្នែក​ខាង​ក្រៅ​ប្រាសាទ។
លោក Evans បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ «ពុំ​មាន​ច្រក​ទ្វារ ដែល​ផ្លូវ​ឆ្លង​កាត់​ទេ។ ដូច្នេះ អ្វី​ដែល​បាន​កើត​ឡើង​នោះ គឺ​មាន​បណ្តាញ​ទីក្រុង​ដែល​មាន​ស្រាប់​ក្នុង​តំបន់​នេះ ហើយ​ប្រាសាទ​នេះ និង​របង បាន​ជាប់​នៅ​ចំ​កណ្តាល​នៃ​បណ្តាញ​នោះ​»។
យោង​តាម​លោក Coe បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ស្ទង់​នៅ​ប្រាសាទ​អង្គរ​នេះ មាន​ន័យ​ថា អ្នក​សិក្សា​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​លើ​តួលេខ​ប្រជាជន​ដែល​ពួកគេ​ប៉ាន់​ ប្រមាណ​ចំពោះ​ទីក្រុង​ពេល​ទីក្រុង​ឡើង​ដល់​ចំណុច​កំពូល​។ លោក Coe បន្ថែម​ថា ផ្អែក​លើ​រ៉ាដា និង​ការ​ស្ទង់​លើ​ដី អ្នក​សិក្សា នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ផ្តល់​តួលេខ​ប៉ាន់​ប្រមាណ​ថា មាន​ប្រជាជន​ប្រហែល ៧៥០០០០ នាក់​។ លោក​បាន​ឲ្យ​ដឹង​ថា៖ «​នៅ​ឆ្នាំ​១៩៧៩ លោក Bernard-Philippe Groslier ដែល​ចែក​ឋាន​ហើយ​នោះ បាន​ស្នើ​ថា មាន​ប្រជាជន ១,៩ លាន​នាក់ ផ្អែក​លើ​ការ​អះអាង​របស់​លោក​ថា អង្គរ​ជា​ទីក្រុង​មាន​ផ្លូវ​ទឹក ដែល​ប្រើ​ប្រាស់​បារាយណ៍ ឬ​អាង​ទឹក ដើម្បី​បង្ហូរ​ទឹក​ទៅ​ក្នុង​ស្រែ​។ ឥឡូវ​នេះ វា​ហាក់​ដូច​ជា​លោក Groslier និយាយ​ត្រូវ​»។
លោក Evans មាន​ការ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត​ចំពោះ​ផល​នៃ​ការ​ស្ទង់​នេះ ទាក់​ទង​នឹង​តួលេខ​ប្រជាជន ដោយ​លោក​សង្កត់​ធ្ងន់​ថា ប្រធានបទ​នេះ ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀត។ លោក Evans បាន​បញ្ជាក់​ថា អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា ពួក​គេ​អាច​ផ្គូផ្គង​ទិន្នន័យ​ពី​បច្ចេកវិទ្យា​នឹង​ការងារ​ចុះ​ផ្ទាល់ និង​ប្រវតិ្ត​ជា​លាយ​លក្ខណ៍​អក្ស​ពី​ពេល​នោះ​ដើម្បី​ប៉ាន់​ប្រមាណ​តួលេខ​ ប្រជាជន។ ប៉ុន្តែ ការ​សាង​សង់​មជ្ឈមណ្ឌល​អង្គរ​ឡើង​វិញ និង​ការ​ផ្លាស់​កន្លែង​តាំង​លំនៅ​ញឹក​ញាប់ ក្នុង​រយៈ ពេល​ជាង​១០០០​ឆ្នាំ​ដោយ​កន្លែង​ជា​ច្រើន​សាង​សង់​លើ​គ្នា ធ្វើ​ឲ្យ​ការ​កំណត់​ចំនួន​តួលេខ​កាន់​តែ​លំបាក​ថែម​ទៀត។
ចុង​បញ្ចប់ ក្រុម​ស្រាវជ្រាវ​សង្ឃឹម​ថា ពួកគេ​នឹង​យល់​ដឹង​អំពី​សំណួរ​សំខាន់​គឺ​ថា​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អរិយធម៌​នេះ?៕ TK

No comments:

Post a Comment

AFD