Popular Posts

Friday, June 14, 2013

ដំណើរ​កម្សាន្ត​ពេញ​១​ថ្ងៃ​តាម​ដងទន្លេ​មេគង្គ​ក្នុង​នាវា​ទេសចរណ៍​ល្អ​ប្រណីត

 
 
 
ព្រះវិហារ​វត្ត​ធនមន្ត​​​មាន​​ក្បូរក្បាច់​​​ និង​កា​រលាប​ពណ៌​គួរ​ឲ្យទាក់ទាញ។ រូបថត ឈឹម ស្រីនាង

ភ្នំពេញ : ទូក​បាតរាប​លាប​ពណ៌​ស​ឆ្នូត​ខៀវ​ដំបូល​ប្រក់​ស្លឹក​ ស្រោប​ដោយ​ប្លាស្ទិក​១​គ្រឿង​កំពុង​រេរាំ​តាម​រលក​ក្បែរ​មាត់ទឹក​រង់ចាំ​ដឹក ​អ្នក​ដំណើរ​ទៅ​គយគន់​ទេសភាព​សំណង់​ប្រវត្តិសាស្ត្រ និង​ស្វែងយល់​ពី​វប្បធម៌​រស់នៅ​របស់​ប្រជាជន​តាម​ដងទន្លេ​មេគង្គ។

នាវា​ទេសចណ៍​ដែល​មាន​រាង​ប្លែក​ខុស​ពី​ទូក​អ្នក​ស្រុក​ធម្មតា​ទើប​តែ​មាន ​វត្តមាន​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១២​ទេ។ ទូក​លំដាប់​ថ្នាក់​អន្តរជាតិ​នេះ​មាន​ឈ្មោះ​ថា​Les Rives Authentic River experience ដែរ​អាច​ផ្ទុក​ភ្ញៀវ​បាន​១៥​នាក់។
នៅ​ពេល​ដែល​ព្រះ​សូរ្យសែង​បញ្ចេញ​រស្មី​មិន​សូវ​ក្ដៅ​នា​ម៉ោង​៧​ព្រឹក​ ភ្ញៀវ​ខ្មែរ និង​បរទេស​ប្រុស​ស្រី បាន​មក​ដល់​កំពង់​ទូក ដែល​មាន​អ្នក​មគ្គុទ្ទេសក៍​ចាំ​ស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់​។ ក្រោយ​ពី​នាំ​ភ្ញៀវ​ទៅ​អង្គុយ​ក្នុង​ទូក​លើ​កៅអី​វែង​ពណ៌​សក្បុស​ស្រួលបួល​ ហើយ អ្នក​មគ្គុទ្ទេសក៍​ណែនាំ​ប្រាប់​ពី​ទិសដៅ​ទៅ​កម្សាន្ត​នា​ថ្ងៃ​នេះ។
រំពេច​នោះ​ភ្ញៀវ​ទេសចរ​ក៏​ត្រូវ​បាន​ផ្ដល់​នូវ​កន្សែង​ត្រជាក់​ការ​បម្រើ ​នូវ​កាហ្វេ​ក្តៅ​ៗ​និង​អាហារ​ពេល​ព្រឹក​ផង​ដែរ។​ការ​ញុំា​អាហារ​បណ្តើរ​ គយគន់​ទេសភាព​តាម​ដងទន្លេ​នា​ពេល​ព្រឹក​ព្រលឹម​ពិតជា​ត្រជាក់​ភ្នែក ប្លែក​អារម្មណ៍​មែន។ ប្រមាណ​ជា​២០​នាទី​ក្រោយ ទូក​ក៏​បាន​បរ​ទៅ​ដល់​កន្លែង​ដែល​ផ្ដុំ​ដោយ​ផ្ទះ​អ្នក​នេសាទ​ត្រៀបត្រា។
អំឡុង​ពេល​សំចត​១៥​នាទី​ភ្ញៀវ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចុះ​ទស្សនា​ការ​ ចិញ្ចឹម​ត្រី​និង​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​មុន​នឹង​បន្ត​ ដំណើរ​ទៅ​ទស្សនា​វត្ត​បុរាណ​ឈ្មោះ​ធនមន្ត​។ កំពុង​តែ​ធ្វើ​ដំណើរ​មិន​យូរ​ប៉ុន្មាន ស្រាប់​តែ​ទូក​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ដើម​កំប្លោក​ពណ៌​បៃតងខ្ចី​ដែល​ដុះ​ ពាសពេញ​ផ្ទៃ​ទន្លេ ធ្វើ​ឲ្យ​អ្នក​បើក​នាវា​ត្រូវ​ឈប់​ដើម្បី​បោច​កំប្លោក​ចេញ​ពី​ស្លាប​ចក្រ។
ដោយសារ​តែ​អាកាសធាតុ​រាង​ក្ដៅ​បន្តិច ទើប​ពេល​ទូក​ជិត​ដល់​ចំណត​ចូល​វត្ត ក្រុម​មគ្គុទេសក៍​បាន​ជូន​ទឹក​ពិសា និង​ឆត្រ​ទៅ​ឲ្យ​ភ្ញៀវ​ម្នាក់​មួយ។ មុន​នឹង​ទៅ​ដល់​វត្ត។​ពេល​ធ្វើ​ដំណើរ​ថ្មើរជើង​ប្រមាណ​ជា​៥​នាទី​យើង​នឹង​ ប្រទះ ឃើញ​ផ្ទះ​ឈើ​បុរាណ​សង់​តាម​ក្បូរក្បាច់​របស់​ចិន​ក្នុង​ឆ្នាំ​១៩៤៥​ដែល​មាន​ សសរ​មូល​ធំ​ៗ​តំណាង​ពី​ភាព​ស្ដុកស្តម្ភ​របស់​ម្ចាស់​គេហដ្ឋាន។ ភ្ញៀវ​ទាំងឡាយ​បាន​ឈប់​សម្រាក​កាយ និង​សម្រួល​ឥរិយាបថ​បន្តិច មុន​នឹង​ឡើង​រ៉ឺម៉ក​ម៉ូតូ​បន្ត​ទៅ​ទស្សនា​ទេសភាព​ចម្ការ​បន្លែ និង​បឹងឈូក​ដ៏​ស្រស់ស្អាត​ផង​ដែរ។​មិន​យូរ​ប៉ុន្មាន រ៉ឺម៉ក​ម៉ូតូ​ក៏​បាន​នាំ​ភ្ញៀវ​ទាំងអស់​គ្នា​ទៅ​ដល់​វត្ត​។​ស្ថាបនា​នៅ​លើ​ ភ្នំ​វិហារ​វត្ត​ធនមន្ត​ហាក់​មាន​សភាព​ខុស​ប្លែក​ពី​អារាម​ពុទ្ធសាសនា​ដទៃ​ ទៀត ព្រោះ​តែ​ក្បូរក្បាច់ និង​ពណ៌​របស់​វា​ត្រូវ​បាន​រចនា​ដោយ​គ្រួសារ​រាជវង្ស​ក្នុង​ឆ្នាំ​១៩៥៤។ នៅ​ក្នុង​ព្រះវិហារ មាន​ពុទ្ធ​គំនូរ រូបភាព​អំពី​ផលកម្ម និង​ប្រវត្តិ​នាង​បដាចា។
ត្រឡប់​មក​កាន់​ទូក​វិញ នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​កន្សែង​ត្រជាក់​ជូត​មុខ​ឲ្យ​ស្រស់ស្រាយ មុន​នឹង​ស្រស់ស្រូប​អាហារ​ថ្ងៃ​ត្រង់ ត្រៀម​ខ្លួន​ទៅ​កោះ​អន្លង់ចិន​ដើម្បី​ទស្សនា​ការ​ដាំដំណាំ​គូឆាយ ខ្នុរ មៀន ត្របែក និង​ស្វាយ។
ដំណើរ​កម្សាន្ត​រយៈពេល​៧​ម៉ោង​មាន​តម្លៃ​១២០​ដុល្លារ​ដោយ​គិត​ទាំង​ការ​បម្រើ​អាហារ ភេសជ្ជៈ និង​ដឹកជញ្ជូន​។
លោក​សេម​ហ្វូស៊ីង​នាយករង​ក្រុមហ៊ុន Les​Rives​Authentic​River​experience ​បាន​ឲ្យ​ដឹង​ថា​៖​«ដំណើរ​កម្សាន្ត​តាម​ទូក​លក្ខណៈ​ស្តង់ដារ​មួយ​នេះ​គឺ​ចង់ ​ផ្តោត​ទៅ​លើ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចង់​យល់​ដឹង​ពី​ការ​រស់នៅ​ និង​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​តាម​ដងទន្លេ​»។
ព័ត៌មាន​បន្ថែម​ពី​ដំណើរ​កម្សាន្ត​តាម​នាវា​តាម​ដងទន្លេ​មេគង្គ​នេះ មាន​នៅ​គេហទំព័រ www.lesrivesexperience.com ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​០១៧​២២២ ៧១៥៕

No comments:

Post a Comment

AFD