Popular Posts

Monday, June 24, 2013

មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​សម្លាប់​ដោយ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ឥណ្ឌា​

ឥណ្ឌា​៖ ទឹកជំនន់ និង​បាក់​ដី បានសម្លាប់​មនុស្ស​យ៉ាងតិច ១ ពាន់​នាក់ និង​បាត់​ខ្លួន ១​ម៉ឺន​នាក់ នៅ​ភាគ​ខាងជើង នៃ​ប្រទេស​ឥណ្ឌា ដែល​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ បាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​បំផុត កាលពី​សប្តាហ៍​មុន ។ ចំនួន​អ្នកស្លាប់ និង​អ្នក​បាត់​ខ្លួន ត្រូវបាន​រំពឹងថា នឹង​បន្ត​កើនឡើង​ទៀត ។​

លោក Vijay Bahuguna អភិបាលរដ្ឋ Uttarakhand បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​ចុងក្រោយ នឹង​ដឹង​ច្បាស់ នៅពេល​ជួបប្រជុំ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ។ រីឯរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា លោក
Shushil Kumar Shinde បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌា កាលពី​ថ្ងៃ​សៅរ៍ ថា មាន​មនុស្ស ៤០,០០០ នាក់ នៅតែ​ស្ថិតក្នុង​ស្ថានភាព​តែលតោល ហើយ​គាត់​បាន​ពណ៌នា​ទៀតថា ទឹកជំនន់​នេះ ជា “​វិបត្តិ​ជាតិ​”  ដ៏​ធ្ងន់ធ្ងរ​មួយ ។​

​កិច្ចខិតខំ​ជួយសង្គ្រោះ​ របស់​ក្រុម​សមាជិក​កងទ័ព​ឥណ្ឌា បាន​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ទីកន្លែង​សង្គ្រោះ ស្ថិតនៅក្នុង​ជ្រលង​ភ្នំ​តូចចង្អៀត ដែលមាន​កម្ពស់​ដល់​ទៅ ១១,០០០ ហ្វី​ត កាលពី​ថ្ងៃអាទិត្យ ។ ទឹកទន្លេ​, ព្រែក មួយចំនួន ដែល​ហូរ​ឆ្លងកាត់​រដ្ឋ​នេះ បាន​ស្រក​ចុះ ប៉ុន្តែ​ទឹកជំនន់​បាន​បំផ្លាញ ផ្លូវថ្នល់​, ស្ពាន​, បង្គោល​ភ្លើង​ជាច្រើន​កន្លែង និង​បណ្តាញ​ទូរគមនាគមន៍ ។​

​យោងតាម​ មន្ត្រី​ឥណ្ឌា បាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​ជាង ៤០ គ្រឿង ត្រូវបាន​ប្រើប្រាស់ ដើម្បី​សង្គ្រោះ​ក្រុម​អ្នក​ធម្ម​យាត្រា នៅតាម​តំបន់ភ្នំ​ដាច់ស្រយាល ប៉ុន្តែ​ដី​បាន​រារាំង​ដល់​ការសង្គ្រោះរបស់ពួកគេ ។ ឧទ្ធម្ភាគចក្រ​សង្គ្រោះ​១​គ្រឿង បាន​ជួប​គ្រោះថ្នាក់ កាលពី​ថ្ងៃ​សុក្រ ខណៈ​ព្យាយាម​ជម្លៀស​ក្រុម​អ្នក​ធម្ម​យាត្រា ដែល​បាន​ជាប់គាំង​នៅក្នុង​ភូមិ​មួយ ក្បែរ​ទីក្រុង Kedarnath រដ្ឋ Uttarakhand បណ្តាលឲ្យ​អ្នកបើកបរ​ឧ​ម្ភា​គ​ចក្រ​ម្នាក់ ​រងរបួស ហើយក៏​ត្រូវបាន​បញ្ជូន​ទៅសង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​​ផងដែរ -​នេះ​បើតាម​មន្ត្រី​ប៉ូលីស បាន​ប្រាប់​ភ្ញាក់​ងារ​សារព័ត៌មានឥណ្ឌា​ Press Trust ៕​














No comments:

Post a Comment

AFD