អាជ្ញាធរដាក់សារឲ្យបញ្ឈប់ការជួញដូរសត្វព្រៃ
ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាប បានដាក់បង្ហាញសារអេឡិចត្រូនិកអំពី «ការបញ្ឈប់ការជូញដូរសត្វព្រៃ» ដែលជាកម្មវិធីសម្រាប់លើកកម្ពស់ការយល់ដឹងនៅអាកាសយានដ្ឋាន អនុវត្តដោយអង្គការ Wildlife Alliance រួមជាមួយនឹង USAID និងអង្គការ Freeland Foundation។Monday, 03 June 2013
Melissa McMorran
ភ្នំពេញ ប៉ុស្តិ៍
អាកាសយានដ្ឋាននឹងបង្ហាញសារចំនួន១៥ និងការប្រកាសពីសេវាសាធារណៈ ៣០ វិនាទីនៅមណ្ឌលព័ត៌មានសម្រាប់ភ្ញៀវទេសចរ ក្នុងរយៈពេល១ឆ្នាំ។
លោកស្រី Amy Van Nice អ្នកគ្រប់គ្រងអភិវឌ្ឍន៍អន្តរជាតិ បានថ្លែងថា គោលដៅគឺធ្វើឲ្យអាកាសយានដ្ឋានក្លាយជាខ្សែការពារដើម្បីបង្អាក់ ការដឹកជញ្ជូនចេញចូល។ លោកស្រីបន្តថា៖ «មនុស្សរាប់ពាន់នាក់ឆ្លងកាត់រៀងរាល់ថ្ងៃអ្នកចេញចូលអាកាស យានដ្ឋានអាចឃើញសារនិងវីដេអូ។ ពួកគេផ្តល់សារដែលយើងទាំងអស់គ្នាចាំបាច់ធ្វើការរួមគ្នាដើម្បី ការពារសត្វព្រៃ»។
សញ្ញាសារនីមួយៗបង្ហាញពីសត្វផ្សេងៗ និងទូរស័ព្ទទាន់ហេតុការណ៍នៃក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ២៤ម៉ោងសម្រាប់ផ្តល់ដំណឹងពីជនអនាមិកធ្វើសកម្មភាពជួញដូរសត្វព្រៃ ខុសច្បាប់។
លោក Dean Lague ទីប្រឹក្សាបច្ចេកទេស WRRT អះអាងថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍នេះជាធម្មតាទទួលបានការហៅចូល ៤ទៅ៦ ដង ក្នុងមួយថ្ងៃ។
លោក ហេង គឹមឆាយ មន្រ្តីរដ្ឋបាលព្រៃឈើថ្លែងថា វាពិបាកសម្រាប់សមត្ថកិច្ចលោកក្នុងការរកឲ្យឃើញអ្នកជួញដូរសត្វព្រៃ។
លោក គឹមឆាយ បន្ថែមថា៖ «ពេលនេះគឺពិបាកសម្រាប់យើង។ យើងពុំមានច្បាប់គ្រប់គ្រាន់ទេ។ ប៉ុន្តែយើងមានអ្នកឲ្យការណ៍ដែលផ្តល់ព័ត៌មានត្រឹមត្រូវដល់យើង»។
ទីផ្សារខុសច្បាប់សម្រាប់សត្វព្រៃនៅអាស៊ីអាគ្នេយ៍ត្រូវប៉ាន ប្រមាណក្នុងតម្លៃពី១០ទៅ៣០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានជាមណ្ឌលនៃការដឹកជញ្ជូនសត្វព្រៃខុសច្បាប់។
WRRT ចាប់ផ្តើមកម្មវិធីនេះក្នុងខែមករា ដើម្បីលើកកម្ពស់ការយល់ដឹងពីការជួញដូរខុសច្បាប់និងបន្លំឯកសារ ។ លោក គឹមឆាយ ថ្លែងថា ក្រុមការងារបានបណ្តុះបណ្តាលនិយោជិតអាកាសយានដ្ឋានឲ្យកំណត់ជំពូក សត្វព្រៃដើម្បីធ្វើការចាប់ខ្លួនឲ្យបានត្រឹមត្រូវ។
លោកបន្ថែមថា អ្នកជួញដូរសត្វត្រូវទទួលទោសពី៥ទៅ១០ ឆ្នាំ ផ្អែកលើជំពូកសត្វ និងលើសកម្មភាពទាក់ទិននឹងសត្វព្រៃ។ អ្នកជួញដូរខុសច្បាប់មួយចំនួនត្រូវបញ្ជូនទៅពន្ធនាគារផ្ទាល់ខណៈ ដែលអ្នកខ្លះទទួលពិន័យ ២ ៥០០ ទៅ ២៥ ពាន់ដុល្លារ។
ចាប់តាំងពីឆ្នាំ ២០០១ WRRT ចាប់បានអ្នកជួញដូរសត្វព្រៃខុសច្បាប់ជិត ៣ពាន់នាក់ ហើយបានសង្គ្រោះសត្វព្រៃបានរហូតជាង ៥៥ ពាន់ក្បាល៕ TK
No comments:
Post a Comment