Popular Posts

Tuesday, June 11, 2013

ស្ទូឌីយោ​ថត​ភាពយន្ត​លំដាប់​អន្តរជាតិ​ត្រូវ​បើក​សម្ពោធ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​

 
 
 
 
 
 
 
 
 
 
 
 
 
 
 
អគារ​ស្ទូឌីយោ ថត​ភាព​យន្ត​ដ៏​ធំ​លំដាប់​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​ជាលើក​ដំបូង​ត្រូវ​បាន​បើក​
សម្ពោធ​ដាក់ឲ្យប្រើប្រាស់​​​​។ រូបថត សេត គឹមសឿន
  ខេត្តកំពង់ស្ពឺៈ ស្ទូឌីយោ​ថត​ភាពយន្ត​វីដេអូ​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​របស់​កម្ពុជា​ក៏​ ត្រូវ​បាន​បង្កើត​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​នៅ​កម្ពុជា ហើយ​តាមរយៈ​ស្ទូឌីយោ​មួយ​នេះ​ប្រជាជន​កម្ពុជា​សង្ឃឹម​ថា ភាពយន្ត​កម្ពុជា​នឹង​មាន​ការ​រីកចម្រើន ស្ទុះ​ងើប​ខ្លាំង​ជាង​មុន​ខណៈ​ស្ទូឌីយោ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​ខេត្ត ​កំពង់ស្ពឺ​មួយ​នេះ អាច​ផលិត​ភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​បាន ដោយ​
មាន​សម្ភារ​និង​ឧបករណ៍​ច្រើន​តាម​តម្រូវការ ហើយ​វា​ក៏​ជា​ចំណុច​ទាក់ទាញ​ផលិតកម្ម​ភាពយន្ត​បរទេស​នោះ​។
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹងថា ទាក់ទង​នឹង​ការ​សាងសង់​ស្ទូឌីយោ​ថត​ភាពយន្ត​របស់​កម្ពុជា​នេះ ការ​សិក្សា​គម្រោង​ប្លង់ និង​ស្ថាបត្យកម្ម​រួមទាំង​គ្រោង​ប្លង់​គ្រឿង​បង្គុំ​ត្រូវ​បាន​សិក្សា​ដោយ​ ស្ថាបត្យករ​ដែល​ជា​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រីឯ​ការ​សាងសង់​ក៏​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ ហ្មត់ចត់​ដោយ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ផង​ដែរ​។
លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖​«ការ​សាង់សង់​ស្ថាបត្យកម្ម​ខាង​ក្រៅ​ ត្រូវ​បាន​បញ្ចូល​សមាសភាព​ស្ថាបត្យកម្ម​ជាតិ​តាម​លំនាំ​រចនាប័ទ្មខ្មែរ​រួម​ ជាមួយ​នឹង​ស្ថាបត្យកម្ម​សម័យ​ទំនើប​។ គម្រោង​ប្លង់​ទាំងអស់​សុទ្ធ​តែ​ធ្វើ​ឡើង​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ធានា​គុណភាព សុវត្ថិភាព និង​សោភណភាព​»។
ដោយ​ឡែក​ចំពោះ​វិសាលភាព​ស្ទូឌីយោ វិញ លោក​ឃឹម សារិទ្ធ បាន​បញ្ជាក់​ថា ផ្ទៃ​ដី​សម្រាប់​កសាង​ស្ទូឌីយោ​ថត​ខ្សែ​ភាពយន្ត​នេះ​មាន​ទំហំ​ចំនួន​៣៤ ៣៨១,៨១​ម៉ែត្រការ៉េ ស្ថិត​នៅ​ក្នុង​ភូមិ​សំណង់ ឃុំ​រកាធំ ស្រុក​ច្បារមន ខេត្ត​កំពង់ស្ពឺ ។
លោក​បន្ត​ថា​៖​«​ស្ទូឌីយោ​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ខាងក្រោម ទី​១ អគារ​រក្សា​សម្ភារ​សម្រាប់​ថត​ខ្សែ​ភាពយន្ត វីដេអូ ទំហំ ២៦​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ​ស្មើ​នឹង​១៧១៦​ម៉ែត្រការ៉េ អគារ​នេះ​ចែក​ជា​ផ្នែក​ផ្សេង​ៗ​គឺ មួយ​ផ្នែក​សម្រាប់​រក្សា​សម្លៀកបំពាក់​និង​ឧបករណ៍​តាម​សម័យ​នីមួយ​ៗ ផ្នែក​មួយ​ទៀត​សម្រាប់​តម្កល់​ឯកសារ​។ ទី​២​អគារ​រោង​ជាង​ទំហំ​១៨​គុណ​នឹង​៣៦​ម៉ែត្រ​ស្មើ​៦៤៨​ម៉ែត្រការ៉េ ជា​រោង​សម្រាប់​ធ្វើ​សំណង់​ផ្សេង​ៗ​រួច​យក​ទៅ​ដំឡើង​នៅ​ក្នុង​ស្ទូឌីយូ សម្រាប់​ថត​តាម​តម្រូវការ​របស់​អ្នក​ដឹកនាំ​រឿង​។ ទី​៣ អគារ​ស្ទូឌីយោ​សម្រាប់​ថត​ខ្សែ​ភាពយន្ត​ទំហំ​៨៨៨​ម៉ែត្រការ៉េ និង​អគារ​បច្ចេកទេស​៧៦៤​ម៉ែត្រការ៉េ​ក្នុង​នោះ​មាន​បន្ទប់​ប្រជុំ​សម្រាប់​ ក្រុម​ថត​ភាពយន្ត បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់​បុរស​នារី បន្ទប់​សម្រាក​បុរស​នារី និង​បន្ទប់​សម្រាប់​ទទួល​ភ្ញៀវ​។ ទី​៤ បន្ទប់​ដាក់​ម៉ាស៊ីនត្រជាក់​និង​ចំហាយ ទី​៥​រោង​សម្រាប់​ម៉ាស៊ីនភ្លើង ទី​៦ សួនច្បារ និង​ប្រព័ន្ធ​ធ្វើ​ផ្លូវ​បេតុង​ក្នុង​បរិវេណ​ស្ទូឌីយោ​ទំហំ​៥០០០​ ម៉ែត្រការ៉េ​»។
គួរ​បញ្ជាក់​ថា នៅ​ចុង​សម័យ​នឹម​ត្រួតត្រា​របស់​អាណានិគម​និយម​បារាំង​អ្នក​ផលិត​ភាពយន្ត​ ខ្មែរ​ដំបូង​បំផុត​គឺ​ព្រះកុរណា​ព្រះបាទនរោត្តម សីហនុ ពី​ឆ្នាំ​១៨៤៥ ដល់​១៩៤៦ ដែល​កាល​ពី​ពេល​នោះ​ព្រះអង្គ​បាន​ចាប់​ផ្តើម​ថត​ភាពយន្ត​ជា​ហ្វីល​ស​ខ្មៅ តែ​គ្មាន​សំឡេង។ ឆ្នាំ​១៩៥៦ អាជ្ញាធរ​អាណានិគមនិយម​បារាំង​បាន​ប្រគល់​ក្រសួង​ព័ត៌មាន​ឲ្យ​កម្ពុជា​ គ្រប់គ្រង ហើយ​ក្នុង​នោះ ក៏​មាន​ផ្នែក​ភាពយន្ត Service De Cinema រួម​ទាំង​កិច្ចការ​ត្រួតពិនិត្យ​ភាពយន្ត ស្ថិត​នៅ​ផ្សារ​ចាស់​នៅ​មាត់​ទន្លេ។ ក្រោយ​មក​ភាពយន្ត​ខ្មែរ​ក៏​កាន់​តែ​មាន​ភាព​រីកចម្រើន ហើយ​រោង​ភាពយន្ត​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ភ្នំពេញ និង​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​នានា​។
ជាមួយ​នឹង​ការ​ផ្តល់​ដំបូន្មាន​ល្អ​ដល់​សិល្បករ​សិល្បការិនី​ទាំងអស់​ ត្រូវ​ខិតខំ​ដុះខាត់​ជំនាញ​របស់​ខ្លួន​និង​បង្កើត​គំនិត​តាក់តែង​ថ្មី​ប្រកប ​ដោយ​រូបារម្មណ៍​សម្តែង​នៅ​ក្នុង​ភាពយន្ត​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ទូឌីយោ​ ភាពយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖​«​យើង​បាន​ចាប់​ផ្តើម​ថតកុន​តាំង​ពី​សម័យ​ព្រះករុណា​ សម្តេចតា ប៉ុន្តែ​កន្លែង​ថតកុន​ដែល​ល្អ​អ៊ីចឹង​ជា​លើក​ទី​១​ហើយ​ដែល​យើង​មាន​មាន​ ទីធ្លា​ប្រមាណ​ជាង​៣​ហិកតា និង​អគារ​ដល់​ទៅ​ជាង​៧០០០​ម៉ែត្រការ៉េ​ឯណ្ណោះ។ អ៊ីចឹង​យើង​អាច​ថត​រឿង​សម័យ​រឿង​បុរាណ យុគសម័យ​កណ្តាល​អី​ក៏​បាន​ដែរ នៅ​ក្នុង​ស្ទូឌីយោ​នោះ​គេ​អាច​តុបតែង​បាន​ទាំងអស់ និង​មាន​ថត​ជិះឡាន ជិះកប៉ាល់​ហោះ ជិះរទេះ​ភ្លើង​នៅ​ក្នុង​ស្ទីឌីយោ ហ្នឹង​ក៏​បាន​ដែរ។ អ៊ីចឹង ការ​កសាង​ស្ទីឌីយោ​នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​រីកចម្រើន​ឈាន​ ឡើង​និង​ការ​ផលិត​ភាពយន្ត​ខ្មែរ​»​។
លោក​បាន​បន្ត​ថា​៖​«​ខ្ញុំ​គិត​ថា លោក​ប្រធាន​ស្ទូឌីយោ​គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​គេ​បាន​ដឹង មិន​តែ​ក្នុង​ប្រទេស​ទេ នៅ​ក្រៅ​ប្រទេស​ក៏​គួរ​តែ​ធ្វើ​ដែរ ព្រោះ​ផលិតកម្ម​បរទេស​ក៏​ត្រូវ​ការ​កន្លែង​ថ្មី​ដែរ​។ ខ្ញុំ​គិត​ថា ការ​បង្កើត​ស្ទូឌីយោ​នេះ គឺជា​ការ​ទាក់ទាញ​ការ​វិនិយោគ​ភាពយន្ត​បរទេស​ធំ​ៗ​មក​ស្រុក​ខ្មែរ ព្រោះ​ពួក​គាត់​មិន​ចាំបាច់​យក​សម្ភារ​មក​ទេ ស្ទូឌីយោ យើង​មាន​សម្ភារ​ប្រើប្រាស់​ច្រើន​កម្រិត​ស្តង់ដារ​សម្រាប់​ថតកុន​ល្អ​បាន​»។ លោក​បញ្ជាក់​ថា​៖​«ក្រៅ​ពី​ថត​ភាពយន្ត​ធំ​ៗ គេ​ក៏​ត្រូវ​ការ​ថត​ភាពយន្ត​ខ្លី​ៗ ភាពយន្ត​ឯកសារ និង​ការ​ថត​ស្ប៉ត​ខ្លី​ៗ​ដែរ អ៊ីចឹង​ទាល់​តែ​យើង​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​សិន​»៕

No comments:

Post a Comment

AFD